វិទ្យាស្ថានស្តង់ដារកម្ពុជា គឺជាអង្គភាពស្ដង់ដារជាតិ របស់រាជរដ្ឋាភិបាល ដែលធ្វើសកម្មភាពក្រោមឱវាទ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ អង្គភាពនេះត្រូវបានបង្កើតឡើងដោយព្រះរាជក្រម លេខ នស/រកម/០៦០៧/០១៣ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៧ ដែលប្រកាសឲ្យប្រើច្បាប់ស្ដីពីស្ដង់ដារកម្ពុជា និងត្រូវបានប្រគល់ភារកិច្ចតាមអនុក្រឹត្យ លេខ ៦២ អនក្រ.បក ចុះថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០០៨។ វិទ្យាស្ថាននេះមានមុខងារ និងភារកិច្ចក្នុងការគ្រប់គ្រង ដឹកនាំ និងជំរុញការអភិវឌ្ឍស្ដង់ដារូបនីយកម្មជាតិ សម្រាប់ផលិតផល សេវាកម្ម ប្រព័ន្ធគ្រប់គ្រង ធ្វើការវាយតម្លៃភាពអនុលោមតាមស្តង់ដារសុវត្ថិភាព គុណភាពសម្រាប់ផលិតផល និងប្រព័ន្ធគ្រប់គ្រងផលិតកម្ម សេវាកម្ម របស់ក្រុមហ៊ុន ឬ សហគ្រាសដើម្បីធានាឲ្យបាន នូវសុវតិ្ថភាព សុខភាពដល់អ្នកប្រើប្រាស់ និងសុខុមាលភាពសាធារណៈ ពិសេសសំដៅធ្វើឲ្យមាន ការប្រកួតប្រជែងផ្នែកគុណភាពនៅលើទីផ្សារ និងបង្កើនការនាំចេញទៅកាន់ទីផ្សារ អន្តរជាតិ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការធ្វើឲ្យមានស្ថេរភាព និងភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ ។
វិទ្យាស្ថានស្ដង់ដារកម្ពុជាបានចូលជាសមាជិកទំនាក់ទំនង (Correspondent Member) នៃអង្គការស្ដង់ដារ អន្ដរជាតិ (ISO) និងជាសមាជិកសម្ព័ន្ធប្រទេស (Affiliate Programme Country) នៃគណៈកម្មាធិការ អេឡិចត្រូនិចអន្ដរជាតិ (IEC) ហើយក៏ជាសមាជិកនៃគណៈកម្មការពិគ្រោះយោបល់អាស៊ាន ស្តីពីស្ដង់ដារ និងគុណភាព (ACCSQ) សំដៅធ្វើឲ្យសកម្មភាពស្តង់ដារូបនីយកម្ម នៃផ្នែកពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា មានការអភិវឌ្ឍទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។ បន្ទាប់ពីប្រទេសកម្ពុជាបានចូលជាសមាជិកនៃ អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅខែតុលា ឆ្នាំ២០០៤ វិទ្យាស្ថានស្ដង់ដារកម្ពុជា បានដើរតួជាចំណុចទំនាក់ទំនង ផ្នែករបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម (TBT Enquiry Point) នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបំពេញតួនាទីជាអាជ្ញាធរក្នុងការផ្តល់សេចក្តីជូនដំណឹងផ្សេងៗ (Notification Authority)។
បច្ចុប្បន្នវិទ្យាស្ថានស្តង់ដារកម្ពុជាបាន និងកំពុងបង្កើនទំនាក់ទំនង សហការ និងធ្វើការរួមគ្នាជាមួយស្ថាប័ន ពាក់ព័ន្ធនានាទាំងស្ថាប័នឯកជននិងស្ថាប័នរដ្ឋ រដ្ឋជាសមាជិកអាស៊ាន អង្គការអន្តរជាតិ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារពិភពលោក (WB) អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម (UNIDO) និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត ក្នុងគោលដៅធ្វើឲ្យមានការរីកចម្រើនកាន់តែឆាប់រហ័សនូវ ការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍវិស័យស្តង់ដារូបនីយកម្មនៅកម្ពុជា ពិសេសសំដៅធ្វើ យ៉ាងណាឲ្យមានការទទួលយក និងឯកភាពរួមគ្នាលើការអភិវឌ្ឍស្តង់ដារទាំងនោះឲ្យក្លាយជាស្តង់ដារជាតិ តំបន់ និង អន្តរជាតិ៕